រដ្ឋបាលខេត្តកំពង់ចាម រៀបចំព្រឹត្តិការណ៍ដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»
Roth - ០៦ តុលា ២០២៥
image

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។​ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។​ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យសប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងលើកកំពស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព តាមរយៈការចែករំលែកពេលវេលាដ៏មានតម្លៃ ក្នុងការបង្ហាញសកម្មរបស់ពួកគេ ដោយមានការរៀបចំដង្ហែភ្លើងគប់ពីទិសខាងកើត ទៅទិសខាងលិច ឆ្លងកាត់ខ្សែស្របទូទាំងពិភពលោក នាឆ្នាំកន្លងមកនេះ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដើរពិភពលោកនេះ មានចំនួនជាង ៣៨០.០០០ នាក់ តំណាងឱ្យប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក។​ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣