អាល្លឺម៉ង់ចុះហត្ថលេខាលើគម្រោងថាមពលចំនួន ៤៧,៥ លានអឺរ៉ូ ជាមួយកម្ពុជា
Roth - ២០ វិច្ឆិកា ២០២៥
image

យោងតាមប្រភពព័ត៌មានពី ស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កាលពីម្សិលមិញនេះ ឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW) និងតំណាងជាន់ខ្ពស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានបញ្ចប់ការចរចាទ្វេភាគីរយៈពេលពីរថ្ងៃរបស់រដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយជោគជ័យ។

 

ប្រភពដដែល បានបន្តថា ឯកអគ្គរដ្ឋទូត និងភាគីពាក់ព័ន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានរៀបចំការចរចានេះ។ ការចរចារយៈពេលពីរថ្ងៃនេះ ផ្តោតលើប្រធានបទសិទ្ធិមនុស្ស បញ្ហាប្រឈមសកល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់អាល្លឺម៉ង់ ក្នុងវិស័យអភិវឌ្ឍន៍វិស័យឯកជន សុខភាព និងការការពារសង្គម ថាមពល និងអភិបាលកិច្ចល្អ។

 

ក្រោយជំនួបខាងលើ ឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការប្តេជ្ញាចិត្តពីប្រជាជនអាល្លឺម៉ង់ចំនួន ៤២ លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

 

ប្រភពដដែល បានបញ្ជាក់ថា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ  ឯកអគ្គរដ្ឋទូត និងភាគីពាក់ព័ន្ធ បានចុះហត្ថលេខាលើគម្រោងថាមពលចំនួន ៤៧,៥ លានអឺរ៉ូផងដែរជាមួយកម្ពុជា ដែលនេះបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងអាល្លឺម៉ង់ និងកម្ពុជា៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣