មេបញ្ជាការម្នាក់នៃអគ្គសេនាធិការកងទ័ពរុស្ស៊ី បានស្លាប់នៅក្នុងហេតុការផ្ទុះគ្រាប់បែកមួយ នៅព្រឹកថ្ងៃចន្ទទី២២ធ្នូ នៅខាងត្បូងក្រុងម៉ូស្គូ។ ក្រុមស៊ើបអង្កើតរុស្ស៊ី បានដាក់ការសង្ស័យថា នេះអាចជាស្នាដៃរបស់ក្រុមចារកិច្ចអ៊ុយក្រែន ព្រោះថានេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីជាន់ខ្ពស់នៃកងទ័ពរុស្ស៊ី ត្រូវអ៊ុយក្រែនរៀបផែនការសម្លាប់។
មេបញ្ជាការម្នាក់នៃកងទ័ពរុស្ស៊ី ឈ្មោះ Fanil Sarvarov បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយ នៅព្រឹកថ្ងៃចន្ទទី២២ធ្នូ នៅតំបន់ខាងត្បូងក្រុងម៉ូស្គូ។ ក្នុងពេលកើតហេតុ មេបញ្ជាការរុស្ស៊ីរូបនេះ កំពុងស្ថិតក្នុងរថយន្ត ហើយគ្រាប់បែកដែលត្រូវបានគេដាក់បង្កៃក្រោមរថយន្ត បានផ្ទុះបណ្តាលឲ្យរបួសធ្ងន់រហូតដល់ស្លាប់។ ផ្អែកតាមសមត្ថកិច្ចស៊ើបអង្កេតរុស្ស៊ី គឺគេកំពុងដាក់ការសង្ស័យថា វាអាចជាស្នាដៃរបស់ក្រុមចារកិច្ចអ៊ុយក្រែន។
Fanil Sarvarov អាយុ៥៦ឆ្នាំ គឺជាប្រធាននាយកដ្ឋានទទួលបន្ទុករៀបចំប្រតិបត្តិការ នៃអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ី។ ពោលគឺលោក ដែលជាអ្នកចាត់ចែង រៀបចំប្រតិបត្តិការកងទ័ពរុស្ស៊ី នៅសមរភូមិអ៊ុយក្រែន។ Fanil Sarvarov មានបទពិសោធន៍ធ្វើសង្គ្រាមក្នុងជួរកងទ័ពរុស្ស៊ី ច្រើនសមរភូមិមកហើយ ដូចជាសង្គ្រាមនៅឆេឆិននី ឆ្នាំ១៩៩០-២០០០ ប្រតិបត្តិការកងទ័ពរុស្ស៊ីនៅស៊ីរី ឆ្នាំ២០១៥-២០១៦ និងសង្គ្រាមអ៊ុយក្រែនចាប់ពីឆ្នាំ២០២២មក។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ អ៊ុយក្រែនមិនបានប្រកាសទទួលស្គាល់ថា ឃាតកម្មនេះគឺជាស្នាដៃរបស់បណ្តាញចារកិច្ចខ្លួនឡើយ។ គិតចាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះមកនៅខែកុម្ភៈឆ្នាំ២០២២ មានមេបញ្ជាការកងទ័ព និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីច្រើននាក់ហើយ ដែលត្រូវបានគេសម្លាប់។ ករណីខ្លះត្រូវបានភាគីអ៊ុយក្រែន ប្រកាសទទួលស្គាល់ថាជាស្នាដៃរបស់ខ្លួន ព្រោះជនទាំងនេះ គឺជាអ្នកមានចំណែកដោយផ្ទាល់នៅក្នុងការធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ តែវាក៏អាចជាស្នាដៃ របស់ប្រជាជនរុស្ស៊ីក្រុមណាមួយដែរ ដែលពួកគេធ្វើសកម្មភាពប្រឆាំងនឹងសង្គ្រាមដែលរុស្ស៊ីធ្វើនៅអ៊ុយក្រែន។
គួររំលឹកថា កាលពីខែមេសា មេបញ្ជាការម្នាក់ទៀត ឈ្មោះ Iaroslav Moskalik ដែលជាអនុប្រធានអគ្គបញ្ជាការដ្ឋានប្រតិបត្តិការ នៃសេនាធិការដ្ឋានកងទ័ពរុស្ស៊ី ក៏ត្រូវគេសម្លាប់ក្នុងហេតុការណ៍ស្រដៀងគ្នានេះដែរ។ ហើយកាលពីខែធ្នូឆ្នាំ២០២៤ មេបញ្ជាការរុស្ស៊ីទទួលបន្ទុកកងកម្លាំងការពារវិទ្យុសកម្មគីមី និងជីវសាស្ត្រ Igor Kirillov ក៏បានស្លាប់ដែរ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ នៅមាត់ច្រកចូលអគារផ្ទះស្នាក់នៅ នៅម៉ូស្គូ។ ករណីឃាតកម្មនេះ ត្រូវបានភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU ប្រកាសទទួលស្គាល់ថាជាអ្នកធ្វើ។ Daria Douguina កូនស្រីរបស់លោក Alexandre Douguine ដែលជាមេក្លោងទ្រឹស្តីជាតិនិយមជ្រុលរុស្ស៊ី ក៏ត្រូវបានគេធ្វើឃាតដោយការបង្កៃគ្រាប់បែកក្នុងរថយន្តដែរ កាលពីខែសីហាឆ្នាំ២០២២។ ចំណែកនាយទាហានរុស្ស៊ីម្នាក់ ឈ្មោះ Maxime Fomine ដែលធ្វើវីដេអូលើបណ្តាញសង្គមគាំទ្រកងទ័ពរុស្ស៊ីផ្កាប់មុខ ក៏បានស្លាប់ដោយការបំផ្ទុះគ្រាប់បែកមួយដែរ នៅទីក្រុងសាំងប៉េតេសបួរ កាលពីខែមេសាឆ្នាំ២០២៣៕