មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
Roth - ២៥ តុលា ២០២៥
image

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្តព្រះសីហនុ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

អង្គសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ គាង និង ឯកឧត្តម ប៉ែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្តព្រះសីហនុ រួមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងវិស័យធានាគារឯកជនផងដែរ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបពីវិស័យដីធ្លីក្នុងខេត្ត ដោយគិតចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម

ការវាស់វែងដីធ្លី បានចំនួន ១៤៨ ៥៤៥ ក្បាលដី ស្មើនឹង ១០០%។

ការគូសក្បាលដី បានចំនួន ១៤៨ ៥៤៥ ក្បាលដី ស្មើនឹង ១០០%។

ការប្រមូលទិន្នន័យ និងវិនិច្ឆ័យ បានចំនួន ១៤៨ ៥៤៥ ក្បាលដី ស្មើនឹង ១០០%។

ការបញ្ចូលទិន្នន័យ បានចំនួន ១៤៨ ៥៤៥ ក្បាលដី ស្មើនឹង ១០០%។

ការបិទផ្សាយចប់ បានចំនួន ១៤៨ ១០៦ ក្បាលដី ស្មើនឹង ៩៩,៧១%។

ក្បាលដីមិនអាចបិទផ្សាយ មានចំនួន ៤៣៩ ក្បាលដី ស្មើនឹង ០,២៩% (ជាប់ពាក់ព័ន្ធអនុក្រឹត្យលេខ ២៤២អនក្រ.បក ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល)។

ក្បាលដីដែលអាចចេញបណ្ណ មានចំនួន ១២៦ ៤៤០ ក្បាលដី ស្មើនឹង ៨៥,៤%។

បណ្ណចុះហត្ថលេខារួចមានចំនួន ១០១ ៤១២ បណ្ណ (ក្នុងឆ្នាំ២០២៥ មានចំនួន ១៦ ៧៤៩ បណ្ណ)។

 បណ្ណបានចែកដល់ដៃប្រជាពលរដ្ឋចំនួន ៩៨ ៥៣២ បណ្ណ (ក្នុងឆ្នាំ២០២៥ ចំនួន ១៥ ២៩៨ បណ្ណ)។

បណ្ណចុះហត្ថលេខារួចដែលប្រជាពលរដ្ឋមិនទាន់មកយកមានចំនួន ២ ៧២៥ បណ្ណ។

ក្បាលដីមិនទាន់ចែកមានចំនួន ២៥ ០២៨ បណ្ណ ដែលក្នុងនោះ ប្រភពអំណោយពន្ធសូន្យមានចំនួន ១ ៣២៣ ក្បាលដី។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃខ្ពស់ចំពោះមន្ត្រីនៃមន្ទីរដែនដី ដែលក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មន្ទីរបានបំពេញតួនាទី ភារកិច្ច និងលះបង់របស់ថ្នាក់ដឹកនាំ និងអ្នកស្ម័គ្រចិត្តក្នុងការកែទម្រង់វិស័យដីធ្លី ដែលបាន

១. ផ្តល់ភាពស្របច្បាប់នូវឯកសារក្នុងការចាត់ចែងប្រើប្រាស់តាមផ្លូវច្បាប់។

២. កាត់បន្ថយ និងលើកកម្ពស់តម្លៃដីធ្លី និងអចលនទ្រព្យនៅខេត្តព្រះសីហនុ។

ឯកឧត្តមបានបញ្ជាក់ថា ការងារវាស់វែងដីធ្លីបានលើកតម្លៃក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម ហើយការខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចក្រសួងដែនដីបានធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងមូលដ្ឋាន និងជួយកាត់បន្ថយទំនាស់ដីធ្លីក្នុងខេត្ត។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីបន្តខិតខំចុះវាស់វែង និងចេញបណ្ណជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកការផ្តល់សេវាគាប់ចិត្ត ជាពិសេសការដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលបានចូលរួមមូលនិធិជូនដល់វីរកងទ័ពនៅតាមព្រំដែនជួរមុខយ៉ាងផុលផុស។

ឯកឧត្តម ប៉ែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បិទសន្និបាតបូកសរុបការងាររបស់មន្ទីរ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលមន្ទីរបានបំពេញការងារដីធ្លីប្រកបដោយផ្លែផ្កា ទោះបីជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងការចុះវាស់វែង និងចេញបណ្ណជូនប្រជាពលរដ្ឋក៏ដោយ។ ឯកឧត្តមបានស្នើឱ្យបញ្ហាប្រឈមទាំងនោះត្រូវយកទៅដាក់បញ្ចូលក្នុងសន្និបាតរបស់ក្រសួងរៀបចំដែនដី។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណលោកប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ ក្នុងការដឹកនាំ គ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះទិសដៅដែលបានអនុវត្ត និងបន្តដំណើរការបម្រើលើកកម្ពស់គោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋសភាឱ្យទទួលបានជោគជ័យបន្ថែមទៀត៕​

 


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣