បង្ក្រាបទីតាំងស្ករសខុសច្បាប់ថៃ វេចខ្ចប់ថង់វៀណាម ដើម្បីក្លែងបន្លំលក់ចែកចាយក្នុងប្រទេសកម្ពុជា
Roth - ១៥ ឧសភា ២០២៦
image

ក្រោមវិធានការណ៍ក្តៅរបស់រដ្ឋបាលខេត្ត ទីតាំងសិប្បកម្មខុសច្បាប់មួយកន្លែងដែលលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករស ដើម្បីបំភាន់ប្រភពដើមនៃទំនិញ ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប និងផ្អាកសកម្មភាពទាំងស្រុង កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កម្លាំងចម្រុះដែលបានចូលរួមរួមមាន៖កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត មន្ត្រីជំនាញមកពីសាខាគយ និងរដ្ឋាករ  មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)

មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋានស្រុកទឹកឈូ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។

សិប្បកម្មដែលត្រូវបានបង្ក្រាបនេះ មានទីតាំងស្ថិតនៅ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ តាមរយៈការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញភស្តុតាងនៃការក្លែងបន្លំ ម្ចាស់ទីតាំងបាននាំចូលស្ករសដែលមានសំបកបាវជា អក្សរថៃ រួចធ្វើការផ្ទេរច្រកចូលក្នុងសំបកបាវថ្មីដែលមាន អក្សរវៀតណាម។

ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចជំនាញ និងបោកប្រាស់អ្នកប្រើប្រាស់នៅលើទីផ្សារឱ្យយល់ច្រឡំអំពីប្រភពដើមនៃទំនិញ។

ក្នុងឱកាសចុះដឹកនាំផ្ទាល់ ឯកឧត្តម ម៉ៅ ធនិន បានដាក់ចេញនូវវិធានការណ៍គន្លឹះចំនួនពីរ៖

 

កិច្ចការពារសិទ្ធិកម្មករ ឯកឧត្តមបានបញ្ជាឱ្យម្ចាស់សិប្បកម្ម ត្រូវទូទាត់ប្រាក់ឈ្នួលដែលនៅសេសសល់ជូនកម្មករទាំងអស់ឱ្យបានគ្រប់ចំនួនជាដាច់ខាត មុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។

វិធានការច្បាប់ សមត្ថកិច្ចបានហៅអ្នកដែលមកទិញស្ករសពីទីតាំងនេះ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីស្វែងរកខ្សែរយៈពាក់ព័ន្ធបន្ថែមទៀត។

 

បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈដែលមន្ត្រីជំនាញកំពុងសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ អាជ្ញាធរកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាម្ចាស់ទីតាំងពិតប្រាកដ និងអ្នកពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣